ខេត្តកំពង់ចាម ៖ រថយន្តស្ទូចមួយគ្រឿងម៉ាក FUSO បានបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅលើ កំណាត់ផ្លូវជាតិលេខ៧ ដោយបានបុកគោយន្តកែច្នៃ និងរោងអ៊ុតសក់ជាហេតុ បណ្តាលឱ្យស្លាប់៣នាក់ និងរងរបួសធ្ងន់ធ្ងរ២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។ ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៧ កុម្ភៈ ២០១៣ ស្ថិតនៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅ ក្បែរនោះរន្ធត់ញាក់សាច់គ្រប់ៗគ្នា ។
តាមលោកអនុសេនីយ៍ឯក សេង ណា អធិការរងនគរបាលស្រុកព្រៃឈរ ទទួលផែនសណ្តាប់ធ្នាប់បានប្រាប់ឲ្យដឹងថា អ្នកដែលស្លាប់នៅក្នុងហេតុការណ៍នេះមាន ១-ឈ្មោះកុល ម៉ាលីស អាយុ២៣ឆ្នាំ បានស្លាប់ភ្លាមៗ ២-ឈ្មោះកុល បូរមី អាយុ២១ឆ្នាំ ជាប្អូន ៣-ឈ្មោះជា គឹមហួយ ភេទប្រុស អាយុ៤២ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកអ្នករងរបួសវិញ ១-ឈ្មោះហែម សូនា ភេទប្រុស អាយុ១៥ខែ ជាកូនរបស់ឈ្មោះបូរមី ២-ឈ្មោះយ៉ាន សុវណ្ណរិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ទាំងអស់គ្នារស់នៅភូមិកើតហេតុ។
លោកអនុសេនីយ៍ឯក សេង ណា អធិការរងនគរបាល ស្រុកព្រៃឈរ បានប្រាប់បន្តថា ដើមដំបូងគេបានឃើញ រថយន្តស្ទូចបើកចេញមកពីទិស ខាងលិចមកកើត ដោយល្បឿនយ៉ាងលឿន ស្របពេលមកដល់ចំណុចកើតហេតុ ស្រាប់តែទៅបុកគោយន្តកែច្នៃ១គ្រឿងយ៉ាងពេញទំហឹងបើកស្របទិសគ្នា។ ជាហេតុបណ្តាលឲ្យគោយន្ត កែច្នៃដាច់កង់ផ្នែកខាងឆ្វេងរងរបួស អ្នកជិះ២នាក់ ហើយឈ្មោះគឹមហួយ ជាអ្នកបើកបរគោយន្តកែច្នៃ និងឈ្មោះសុវណ្ណរិទ្ធ ផ្លោងធ្លាក់មកលើថ្នល់ជាតិ។ បន្ទាប់មករថយន្តបង្កហាក់ដូចជា បាត់ម្ចាស់ការ ក្នុងការបញ្ជារចង្កូតធ្វើឲ្យរថយន្តរេចុះឡើងបាន ចម្ងាយប្រហែលជាង២០០ម៉ែត្រ ក៏រេចង្កូតមកឆ្វេងដៃបុករោងអ៊ុតសក់ជញ្ជាំងបាំង ស័ង្កសីធ្វើនៅកៀកនឹងចញ្ចើមថ្នល់លាន់ក្ឌាំង បណ្តាលឲ្យស្ត្រី២នាក់បងប្អូនដែលកំពុងតែអង្គុយ លេងក្នុងរោងលើគ្រែ ដោយស្រ្តីជាបងស្លាប់មុន ចំណែកស្រ្តីជាប្អូនវិញបានរងរបួសធ្ងន់ធ្ងរត្រូវក្រុមសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយបានស្លាប់ រីឯកូនប្រុសតូចបីនៅក្នុងដៃបានរងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ជាមួយនឹងអ្នកជិះគោយន្តកែច្នៃដែរ ៕
No comments:
Post a Comment